Pages

Thursday, October 16, 2014

ដេកមិន​លក់​ប៉ះពាល់​សុខភាព និង​សម្រស់


ដេក ​មិនលក់​ធ្វើឱ្យ​មាន​ផល​វិបាក​ច្រើន​ចំពោះ​សុខភាព និង​សម្រស់។ លោកអ្នក​គ្រប់រូប​ពិតជា​ចៀស​មិនផុត​ឡើយ​ចំពោះ បញ្ហា​ដេកមិន​លក់។ ដេកមិន​លក់នេះ​ទៀតសោត​អាច​បណ្ដាល​ឱ្យមាន​រង្វង់​ភ្នែកខ្មៅ ខូងភ្នែក ជម្ងឺ​ឈឺក្បាល​ឬវិល​មុខជា​ដើម។ ប៉ុន្ដែ ដេក​មិនលក់​មិនមែន​ជាជម្ងឺ​ទេ គ្រាន់តែ​ជា​អាការ​រោគមួយ​ប្រភេទ​ដែល​បណ្ដាល​មកពី​ការគិត​ច្រើន​និង​មកពី​ ជម្ងឺ​ផ្សេងៗ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោកស្រី​វេជ្ជ​បណ្ឌិត ចក ធីតា ឯក​ទេស​វិកល​វិទ្យា​បាន​ចូលរួម​បក​ស្រាយ​ពីមូល​ហេតុ​ដេកមិន​លក់ជូន​ មិត្ដអ្នក​អានបាន ជ្រាប​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។
មូល​ហេតុ​ដេកមិន​លក់
អាការ​ដេក​មិនលក់​កើតមក​ពីបញ្ហា​២យ៉ាង។
1 . បញ្ហា​ផ្លូវកាយ ជម្ងឺ ​ពាក់ព័ន្ធ​រាងកាយ​មានដូច​ជាឈឺ​សរសៃ រោយ​ឆ្អឹងខ្នង បញ្ហា​រោគស្ដ្រី​ជាដើម។ ម្យ៉ាង​ទៀតវា​អាច បណ្ដាល​មកពី​ការធ្វើ​ការច្រើន​ហួស​កំណត់​ពុំសូវ​មានពេល​សម្រាក ដែល​ភាគច្រើន​កើតមាន​លើ​កម្មករ​សំណង់​និង​អ្នកធ្វើ​ការនៅ​រោង ចក្រ។ ជួន​កាលមក​ពីការ​ទទួល​ទាន​អាហារ​ច្រើន​ជ្រុល ក៏ធ្វើ​ឱ្យ​រសាប់​រសល់​ពិបាក​ដេក។
2 . បញ្ហា​ផ្លូវចិត្ដ អាចកើត ​ចេញជា​ច្រើនរូប​ភាព​តាមរយៈ​ពិបាក​ចិត្ដឬ​ស្មុគ​ស្មាញ​នៅកន្លែង​ធ្វើការ​ ដែលជា​កត្ដា​ចម្បង សម្រាប់​ការគិត​ច្រើន ធ្វើឱ្យ​ដេកមិន​លក់។ អ្នកខ្លះ​ទៀត​កង្វល់​អំពី​បន្ទុក​ក្រុម​គ្រួសារ មានការ​មិនយល់​ចិត្ដគ្នា​ឬដោះ​ស្រាយ​មិនចេះ​ចប់ មិនចេះ​ហើយ​ជាដើម។ ម្យ៉ាងទៀត​មូលហេតុ​ដេកមិន​លក់ក៏​អាចដោយ​សាររឿង​ស្នេហា​មាន​ជម្លោះ​មិនសូវ​ ត្រូវ​រ៉ូវគ្នា​ជាដើម​ផងដែរ។
វិធី​ដោះស្រាយ​ដេកមិន​លក់
មាន​ដំណោះ​ស្រាយ​មួយ​ចំនួន​សម្រាប់​លោកអ្នក​ជួយខ្លួន​ឯងឱ្យ​គេងលក់​ស្រួល។
  • លោកអ្នក​ត្រូវរក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្ដាល​ឱ្យដេក​មិនលក់ ដើម្បី​ដំណោះ​ស្រាយ​ទាន់ពេល​វេលា​និងទៅ​តាម រឿង​នីមួយៗ។ លោកអ្នក​គួរតែ​ដោះ​ស្រាយ​ដោយ​សន្ដិ​វិធី រម្ងាប់​អារម្មណ៍​ដោយ​ខ្លួនឯង ហើយ​ព្យាយាម​សម្ងំ​ដេក​មិនត្រូវ​គិតពី​រឿងអ្វី ទាំងអស់ ដើម្បី​ជួយឱ្យ​មាន​អារម្មណ៍​ឱ្យជ្រះ​ថ្លាពេល​ក្រោកពី​ដំណេក។
  • លោកអ្នក​អាចទៅ​ពិភាក្សា​ជាមួយ​ដៃគូ​ដែលអ្នក​ទុកចិត្ដ ដូចជា​មិត្ដភក្ដិ បងប្អូន គូ​សង្សារ​ជាដើម។ តែបើ​បញ្ហា​សំខាន់​មិនអាច​ដោះស្រាយ​បាន គួរទៅ​ជួបអ្នក​ជំនាញ​ដើម្បី​ផ្ដល់ជា​យោបល់ និងអាច​ជួយ​សម្រួល​ឱ្យ​ដេកលក់។
ផលវិបាក​នៅពេល​ដេក​មិនលក់
ដេកមិន​លក់មាន​ផល​វិបាក​ច្រើន​ចំពោះ​រាងកាយ ដូចជា​ស្រក​ទម្ងន់​លឿន ស្លេក​ស្លាំង​ទាំងមុខ​មាត់​ឬរូបរាង​កាយមិន​ស្រស់ថ្លា​ជាដើម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ធ្វើឱ្យ​រង្វង់​ភ្នែក​ជាំខ្មៅ​មួយ​រយៈ​ពេល ឬអាច​ជារៀង​រហូត​ក៏មាន។ ម្យ៉ាងទៀត​ជម្ងឺ​អាច​មក​បៀត​បៀន​បានយ៉ាង​ឆាប់​រហ័ស ព្រោះ​សុខភាព​ចុះទ្រុឌ​ទ្រោម។ ដេកមិន​លក់ជា​បញ្ហា​មួយដែល​កើត​ចំពោះ​លោកអ្នក​គ្រប់វ័យ​ដោយ សារការ​គិតដែល​មាន​លក្ខណៈ​ផ្សេងៗ​ពីគ្នា។
វិធី​ទប់ស្កាត់​នៅពេល​ដេកមិន​លក់
លោកអ្នក​មិនគួរ​គិតច្រើន​ពេកទេ​នៅពេល​ដេកមិន​លក់ និងសូម​កុំធ្វើ​សកម្មភាព​ដែលនាំ​ឱ្យគិត​ដល់រឿង​រ៉ាវដែល​អាក្រក់ ចំពោះ​ខ្លួនឯង។ ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនោះ​លោកអ្នក​ដែលដេក​មិនលក់​គួរ​ប្រតិបត្ដិ​ ដូចខាង​ក្រោម​ទើបអាច​ប្រសើរ​ជាងមុន ហើយ​ជួនកាល​អាច​បំភ្លេច​បញ្ហា​គ្រប់យ៉ាង និង​ជួយឱ្យ​ដេកលក់​ស្រួលទៀត​ផង។
  • មិនត្រូវ​ទទួល​ទាន​អាហារ​ច្រើន​ហួស​កំណត់​ឡើយ
  • ព្យាយាម​រម្ងាប់​អារម្មណ៍​ចំពោះ​រឿងរ៉ាវ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹងខ្លួន​ឯង
  • ត្រូវគិត​មួយរឿង​ៗឱ្យ​ដាច់​ស្រឡះ​ពីគ្នា មិនត្រូវ​គិត​ច្របូក​ច្របល់​នូវ​បញ្ហា​ទាំងអស់​ទេ
  • ត្រូវលួង​ខ្លួនឯង​ថាអ្វីៗ​ក៏អាច​ដោះ​ស្រាយ​បានដែរ ឱ្យតែ​យើង​ហ៊ាន​ប្រឈម​មុខនឹង​ការពិត
  • ប្រសិន​បើអាច​និយាយ​ពីរឿង​របស់ខ្លួន​បាន គួរតែ​និយាយ​ប្រាប់អ្នក​ណាម្នាក់​ដែលអ្នក​ទុកចិត្ដ​បំផុត
  • បើ​លោកអ្នក​គិតថា​ខ្លួនមាន​អាការ​ខុស​ប្រក្រតី គប្បី​លោកអ្នក​ត្រូវទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​វិធី​ទប់ ស្កាត់ឱ្យ​ទាន់ពេល​វេលា។
លោកអ្នក​ត្រូវគិត​ថាការ​បាក់ទឹក​ចិត្ដអ្នក​ណាក៏​ជួប​ប្រទះ​ដែរ មិនអាច​ចៀស​ផុត​បានទេ​ហើយការ​បាក់ទឹក​ចិត្ដ​ទាំងនោះ​ក៏ជា​ចំណែក​មួយដ៏​ ធំធ្វើ​ឱ្យ​លោកអ្នក​ដេកមិន​លក់។ អ្វីដែល​សំខាន់​លោកអ្នក​ត្រូវជួយ​ខ្លួនឯង​ឱ្យបាន​ចំពោះ​រឿង​ដែលកើត​ឡើង​ ជុំវិញ​ខ្លួន។
ដំ​បូន្មាន​អ្នក​ប្រឹក្សា
ជា​ទូទៅ​ពេលដេក​មិនលក់ លោកអ្នក​មិន​គប្បី​ប្រើថ្នាំ​រម្ងាប់​អារម្មណ៍​នោះទេ​ព្រោះអាច​ប៉ះពាល់​ដល់​ សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។ លោកអ្នក​គួរគិត​ថាជា​រឿង​ធម្មតា អ្នកណា​ក៏ធ្លាប់​ជួប​ប្រទះ គ្មានអ្នក​ណាម្នាក់​អាចចៀស​រួចឡើយ។ គប្បី​បើកចិត្ដ​ឱ្យ​ទូលាយ​ដើម្បី ទទួល​យកអ្វី​ដែលជា​ការពិត និងធ្វើ​ការ​ដោះស្រាយ​ដើម្បី​ឱ្យដេក​លក់ស្រួល​ជាងពេល​មុន។
 
Blogger Templates